ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន ៥ នាក់ ៖

ទី១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ។

ទី២-ឈ្មោះ ជួន លឹមហេង ភេទប្រុស ។

ទី៣-ឈ្មោះ អុន សំអូន ភេទប្រុស ។

ទី៤-ឈ្មោះ នេត សុខុម ភេទប្រុស ។

ទី៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ។

ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្ត សកម្មភាពដេញចាប់ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព ។ ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមក កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបាន ស្តាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន ៣ ករណី ៖ ករណីទី១-នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជនរងគ្រោះជាជនជាតិចិនចំនួន ៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំង គ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូចចំនួន ១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថាបានរក្សាទុកគ្រឿងញៀន ។ បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង ៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចចាររឿងតំម្លៃក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០,០០០(មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះម្ដងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន ១៥,០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។

ករណីទី២-នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣ និង០០នាទី មានជនជាតិចិនចំនួន ៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើល ក្រុមជនសង្ស័យព្រមទាំងបក្ខពួក បានឃាត់ និងភ្លង់នឹងអាវុធទៅលើជនរងគ្រោះដែលមានឈ្មោះ ZHU JIANG ភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបានធ្វើការវាយបោះចូលក្នុងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌ស ចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង ។ លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០,០០០(មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ ក្រោយ បង្ខាំងអស់ជាង ១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្ដងទៀត ពេល នោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ ។ ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣,០០០ (បីម៉ឺនបីពាន់) ដុល្លារ អាមេរិក បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង ៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន ។ បន្ទាប់ ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ក្រោមរូបភាពជូនជាសាគុណ ក្នុងការដោះលែង ។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២,៧០០ (បួនម៉ឺន ពីរពាន់ប្រាំពីររយ) ដុល្លារអាមេរិក និងដកហូតប្រាក់យ័ន្តចំនួន ២,២០០(ពីរពាន់ពីររយ)យ័ន្ត ដើម្បីជាថ្នូរនឹងការ ដោះលែងឲ្យមានសេរីភាពវិញ ។

ករណីទី៣-នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង២៥នាទី ជនរងគ្រោះជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្តិរួមដំណើរជាជនជាតិចិនចំនួន ៣នាក់ បានជិះរថយន្តម៉ាក RANGROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខD18 ផ្លូវDAWIN បុរីវីរជន(កោះពេជ្រ) គោល បំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត ៤គ្រឿង និងម៉ូតូ ១គ្រឿង ធ្វើសកម្ម ភាពស្ទាក់ភ្លង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវរ្ម័ន ផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួនរួច ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ. ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖

១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន)

២-ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន)

៣-ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន)

៤-ឈ្មោះ នេត សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ (ឃាត់ខ្លួន)

៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ ៤៦ឆ្នាំ (ឃាត់ខ្លួន)

៦-ឈ្មោះ កែវ ខេន ភេទប្រុស អាយុ ៣៤ឆ្នាំ (គេចខ្លួន)

៧-ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន)

៨-បក្ខពួក

ពីបទ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំវិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ រ៉ា រ៉ា


ចែករំលែក៖