ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​នគរបាល​ក្រុងភ្នំពេញ​៖​ កម្លាំងជំនាញ​ កំពុងស្រាវជ្រាវរកមុខសញ្ញា​ ពាក់ព័ន្ធការប្រើសារធាតុញៀនក្នុងប៉េងប៉ោងសប្បាយ (Happy balloon)

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ននេះ​យើងសង្កេតឃេីញថា​ មានក្រុមជន​ខិល​ខូច​ឆ្លៀតឱកាសក្នុងការប្រើប្រាស់សារធាតុញៀនមួយប្រភេទបញ្ចូលខ្យល់នូវសារធាតុញៀនក្នុងប៉េងប៉ោង (Happy balloon) ប៉ុន្តែករណីនេះ ក៏ត្រូវបានកម្លាំងមានសមត្ថកិច្ច ឆ្មក់ចូលបង្ក្រាបបានជាបន្តបន្ទាប់នៅតាមទីតាំងក្លឹបកម្សាន្ត​ នាពេលថ្មីៗនេះ។ ខណៈ​ខ្យល់សប្បាយ ឬ Happy balloon គឺជាសារធាតុញៀនដែលបានបញ្ចូលទៅក្នុងប៉េងប៉ោង ហើយត្រូវបានយុវជន យុវនារីមួយចំនួនប្រើប្រាស់នៅតាមទីតាំងក្លឹបកម្សាន្ត។​ ហើយសមត្ថកិច្ចជំនាញ​ ក៏កំពុងបន្តស្រាវជ្រាវរក មុខសញ្ញាពាក់ព័ន្ធនឹងការលួចប្រើប្រាស់ខ្យល់ដែលមានសារធាតុហាមឃាត់នេះផងដែរ។ 

បេីតាមការ​បញ្ជាក់ពី​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖ «ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ទៅតាមគោលដៅទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលត្រូវបង្ក្រាបពាក់ព័ន្ធនឹងការប្រើប្រាស់ខ្យល់ប៉េងប៉ោងហាមឃាត់នេះ»។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា​ ដោយមានកិច្ចសហការរវាងកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺការលួចប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោងនេះ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ តែយ៉ាងណា លោក អះអាងថា បញ្ហានេះ គឺជាបញ្ហាថ្មីមួយ មិនទាន់មានការរីករាលដាលច្រើនខ្លាំងនោះឡើយ ប៉ុន្តែ នគរបាលរាជធានីភ្នំពេញ បានផ្ដោតលើការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃសារធាតុញៀនប្រភេទនេះនៅតាមទីតាំងសប្បាយដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យមានការប្រុងប្រយ័ត្ន និងកុំឱ្យជាប់ពាក់ព័ន្ធនឹងបញ្ហានេះ។

គួរជម្រាបថា​ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់សារធារណជន ជាពិសេសយុវជន-យុវនារី កុំសាកល្បង ឬ កុំប្រើប្រាស់ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យ សោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយណាយទ្រីសអុកសៃ (Nitrous Oxide) បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សរសៃប្រសាទ សរសៃឈាម និងធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

អគ្គស្នងការរង​នគរបាលជាតិ​រូបនេះ​ ក៏បានស្នើដល់សារធារណជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅទាំងអស់គ្នា ដោយត្រូវរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុញៀន Happy balloon ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖