ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា GDT Taxpayer App ជាកម្មវិធីទូរស័ព្ទដៃដ៏ពេញនិយម និងទទួលបានការពេញចិត្តពីអ្នកជាប់ពន្ធ ជាពិសេសការប្រើប្រាស់មុខងារបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ដោយហេតុថា ការបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃនេះ មានភាពងាយស្រួល និងសាមញ្ញបំផុតដែលម្ចាស់យានយន្តទាំងអស់ អាចបង់ពន្ធបានគ្រប់ពេលវេលា ពីគ្រប់ទីកន្លែង ហើយបន្ទាប់ពីបង់ពន្ធតាមទូរស័ព្ទដៃរួចរាល់ភ្នាក់ងារ របស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រ ដល់ទីតាំងថែមទៀតផង។
អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។
ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះបានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាព នៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំ លើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយដើម ក្នុងការបង់ពន្ធ។
គួររំលឹកផងដែរថា ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ ចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបថា ការផ្តល់ជូននូវភាពងាយស្រួលរហ័ស និងការកាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អ្នកជាប់ពន្ធ ក្នុងការទទួលបានសេវានានា និងការបង់ពន្ធអាករគ្រប់ប្រភេទ គឺជាគោលដៅចម្បងមួយនៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។
ដើម្បីសម្រេចបានគោលដៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃជាច្រើន ក្នុងការផ្តល់សេវាដែលមានភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់សម្រាប់អ្នកជាប់ពន្ធ ក្នុងនោះកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App) បានផ្តល់នូវភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ និងរង់ចាំយូរនៅធនាគារ ឬសាខាពន្ធដារខេត្ត-ខណ្ឌទៀតនោះទេ៕
ដោយ៖ សហការី