ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលចិត្ត​ហូបសាច់បង្កក និងប្រហិតចម្រុះ​ ជើងទា​ ,អណ្ដាតទា​ សូម​ប្រុងប្រយ័ត្ន​ព្រោះ​ភាគីច្រើនគឺហួសថ្ងៃកំណត់

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា៖​ មន្ត្រីជំនាញ​ ក.ប.ប. បានបន្តអនុវត្តភារកិច្ចក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយចុះអង្កេត និងត្រួតពិនិត្យទំនិញចរាចរនៅលើទីផ្សារ ផ្ទះលក់ទំនិញ ម៉ាត និងដេប៉ូចែកចាយទំនិញ តាមបណ្ដារាជធានី​-ខេត្ត​។

ជាក់ស្ដែង​អគ្គនាយកដ្ឋាន ក.ប.ប.​ បានចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាពុំមានប្រភពច្បាស់លាស់។ 

ក្នុងប្រតិបត្តិការនោះ​ ក្រោមការចង្អុលបង្ហាញរបស់លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។ ចំពោះ​ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.​ ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ។ 

ប្រភពដដែលបន្តថា​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខាចុះត្រួតពិនិត្យទីតាំងស្ដុកទុក និងចែកចាយសាច់បង្កក និងប្រហិតមួយកន្លែងនៅខណ្ឌទួលគោក កាលពីថ្ងៃទី​១៥​ ខែវិច្ឆិកា​ថ្មីៗនេះ​ ដោយរកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។ 

ជាមួយគ្នាផងមន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញបានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកែច្ឆៃជើងទានិងអណ្ដាតទាដែលពុំមានអនាម័យសមស្របតាមលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ ដោយបានផ្អាកបណ្ដោះអាសន្ន និងស្រង់យកសំណាកគំរូទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានដើម្បីរកសារធាតុហាមឃាត់ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖