ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ ប្រជាពលរដ្ឋកម្ពុជា​ មានសិទ្ធិសេរីភាពពេញលេញ​ក្នុងការគោរពសាសនាតាមជំនឿរបស់ខ្លួន​ ព្រោះសាសនាទាំងអស់ សុទ្ធតែមានគោលបំណងដូចគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញលេញ​ក្នុងការគោរពសាសនាតាមជំនឿរបស់ខ្លួន​។

សម្ដេចធិបតី​ ថា​ គ្រប់សាសនាទាំងអស់ សុទ្ធតែមានគោល បំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឱ្យប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។

សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាស​នា​ឥស្លាម, គ្រិស្តសាសនា និងសាសនាផ្សេងទៀត សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឲ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។

សម្តេចធិបតី ថ្លែង​ថា​ នៅកម្ពុជា មិនមានជម្លោះសាសនាទេ។​ សម្ដេច ថា ការជ្រុលនិយម ទាំងនយោបាយ និងសាសនា ត្រូវតែលុបបំបាត់។

សម្ដេច​ធិបតី​ ថ្លែង​បន្តថា «ដែលនេះជាមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នា និងសុខដុម​រមនា​ ការកំណត់តម្លៃនៅក្នុងខ្លួន គឺជាកិច្ចការសំខាន់ ហើយជាពិសេសនៅក្នុងសម័យទំនើប នៅក្នុងសម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន-យុវនារី សម្រាប់កុមារដែលនឹងក្លាយទៅជាអនាគតរបស់ប្រទេសជាតិយើង ដែលទាមទារចាំបាច់ នៅក្នុងការកំណត់នៃតម្លៃនៅក្នុងខ្លួន ឱ្យបានច្បាស់លាស់»។

សម្ដេចធិបតី​ ថ្លែង​ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកនៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

សម្ដេចធិបតី​ ថ្លែងថា​ បច្ចុប្បន្នកម្ពុជា មានអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។

សម្ដេចធិបតី​ ថ្លែងថា​ យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយ ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។

សម្ដេចធិបតី​ ថ្លែងថា​ ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

សម្ដេចធិបតី​ ថ្លែងអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុ លនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា។

សម្ដេចធិបតី អំពាវនាវដល់ពុទ្ធបរិស័ទ និងជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

សម្ដេចធិបតី​ ស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូ ល្អក្នុងសង្គម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខ ផ្សេងៗ។

ជាមួយគ្នានេះ​ សម្ដេចធិបតី បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជាជួបការលំបាក និងចេញពីរបបខ្មែរក្រហម គឺជម្រើស និងលទ្ធភាពនៅក្នុងការទទួលបាននូវការអប់រំ ឬព័ត៌មាន ឬមួយការទទួលនូវលទ្ធភាពតាមបែបផែនសម្ភារៈនិយម មិនទាន់មានច្រើន។ ដូច្នេះ ជម្រើសនៃការអប់រំនាពេលនោះ គឺផ្តោតខ្លាំងទៅលើការរៀនសូត្រ ទៅលើការបំពេញតួនាទីជាកូនល្អ និងជាសិស្សល្អ៕

ដោយ​៖សហការី​


ចែករំលែក៖