ព័ត៌មានទាន់ហេតុការណ៍៖

អង្គការSwiss Contactចុះស្វែងយល់ពីសក្តានុពលទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង ហូកា(Hoka) នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនៅថ្ងៃ ទី៦ខែវិច្ឆិកាឆ្នាំ២០២៣ បានចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយ អង្គការ Swiss Contact ទៅកាន់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ គឹដើម្បីស្វែងយល់ពីសក្តានុពលផ្នែកទេសចរណ៍។

     ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលផ្នែកទេសចរណ៍ ក៏មានការផ្តល់កិត្តិយសចូលរួមពី សំណាក់លោក ញ៉ែម សារី អភិបាលរងខេត្ត លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត និង តំណាងអង្គការស្វីសខន់ថាក់ផងដែរ។ 

     ក្នុងដំណើរទស្សនកិច្ចនេះ គឺមានគោលបំណងស្វែង យល់បន្ថែមអំពីតម្រូវការ ភាពខ្លាំង ភាពខ្សោយ និងបញ្ហាប្រឈមនានា នៃវគ្គបណ្ដុះបណ្ដាល ដែលបានអនុវត្តក្នុងគម្រោងហូកា តាមរយៈ មន្ទីរទេសចរណ៍ខេត្ត គាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីខនថាក់ ដើម្បីត្រៀមរៀបចំ កែលម្អសម្រាប់អនុវត្តក្នុងដំណាក់កាលបន្ទាប់។

ដើម្បីឲ្យដំណើរការទស្សនកិច្ចកាន់តែមានភាពរស់រវើក ក្រុមការងារក៏មានរៀបចំសកម្មភាពមួយចំនួនដូចជា÷ 

១. ការចែករំលែកពីបទពិសោធន៍ រវាងសហគមន៍ និង អង្គការដៃគូរ។

២.ការស្វែងយល់ពីផលិតផលទេសចរណ៍ក្នុងសហគមន៍ ការបោះតង់ស្នាក់នៅ (មានការរៀបចំ ចម្រៀងចាបុីដងវែងក្នុងពេលរាត្រី និងដុត ដំឡូងក្នុងភ្នក់ភ្លើង)

៣.ការរៀបចំម្ហូបអាហារដោយសហគមន៍។

៤.ការដាំដើមឈើអនុស្សាវរីយ៍ (ទេសចរម្នាក់ ដើមឈើមួយដើម)

៥.ធ្វើទស្សនកិច្ចជុំវិញតំបន់អេកូទេសចរណ៍ភ្នំជំរកសត្វ ដូចជាការដើរទស្សនាជុំវិញស្ពានតឿ ចូលទស្សនាក្នុងរូងភ្នំ និងឡើងលើកំពូលភ្នំជាដើម។

     សូមបញ្ជាក់ថា ការចុះស្វែងយល់ តំបន់អេកូទេសចរណ៍ភ្នំចំរកសត្វ គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានា ត្រៀមរៀបចំកែលម្អសម្រាប់អនុវត្តដំណាក់កាលបន្តបន្ទាប់៕

ដោយ៖ សូរិយា


ចែករំលែក៖