ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងរស់នៅដោយភាពសុខក្សេមក្សាន្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដែលបានចូលរួមពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់នៅពេលនេះ និងបានថ្វាយប្រគេនសព្វសាធុការពរ ព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាទាំង ១១អង្គ ឱ្យប្រកបទៅដោយសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិ ដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឱ្យមានសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាកុសលចេតនាក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

សម្តេចធិបតី បានគូសបញ្ជាក់ថា ពិធីស្រោចស្រពព្រះសុគន្ធារីនាថ្ងៃនេះ ជាសក្ខីកម្ម នៃ ការរីក ចម្រើនផ្នែកព្រះពុទ្ធសាសនា ដែល ជា សាសនា របស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរដ្ឋ កម្ពុជា បាននិងកំពុងរស់នៅដោយភាពសុខ ក្សេមក្សាន្ត។

ក្នុងបរិយាកាសដ៏ថ្លៃថ្លា នេះសម្តេច បានផ្តល់ជូននូវ វិភាគទាន សម្រាប់សម្តេច ព្រះមន្ត្រីសង្ឃ និង ព្រះនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រតិបត្តិធម៌វិន័យ និងចូលចំណែក ក្នុងវិស័យអាណាចក្រ ជា ពិសេសការអប់រំ ទូន្មាន ប្រៀនប្រដៅ តាមរយៈព្រះធម៌ទេសនា នៅគ្រប់ទីកន្លែង។

ទន្ទឹមនេះដែរ សម្ដេចធិបតីក៏បាន ផ្ដាំផ្ញើ ក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការជាមួយ ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយលើកកម្ពស់ សាសនានិងសីលធម៌សង្គម។ ក្រសួងធម្មការ និងសាសនាត្រូវបន្តជំរុញ រៀបចំច្បាប់ស្តីពី សាសនាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បី ធ្វើជាមូលដ្ឋាន ក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា និងបំពេញបន្ថែម លិខិត បទដ្ឋាន គតិយុទ្ធនានា ដើម្បីបំពេញ តម្រូវការជាក់ស្ដែង របស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា ក៏ដូចជា សាសនាផ្សេងទៀត នៅកម្ពុជា លើកកម្ពស់សីលធម៌សង្គម សុខដុមនីយកម្ម សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖