ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរ និងសប្បាយរីករាយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
សម្តេចតេជោ បានថ្លែងប្រសាសន៍ថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។ សូមជូនពរបងប្អូន រីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ។
សូមជម្រាបជូនថា សម្ដេចតេជោ បានមានប្រសាសន៍កាលពីព្រឹកមិញថា៖ ថ្ងៃនេះជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី២នេះ ក៏មិនខុសពីថ្ងៃទី១ដែរ ទិដ្ឋភាពនៅមាត់ទន្លេ មុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត គឺមានវត្តមាន កីឡាករប្រណាំងទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ជាច្រើនកុះករមកពីគ្រប់ទិសទី មកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះ ក្នុងរាជធានីភ្នំពេញ ប្រកបដោយភាពសប្បាយរីករាយ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន និងសម្រាប់ពេលល្ងាច គឺមានបណ្ណ្ដែតប្រទីបរំលេចដោយក្បាច់រចនា ភ្លើងពណ៌ ដ៏ស្រស់ស្អាត។
ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន៕
ដោយ៖ សហការី