ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស០២នាក់ស្លាប់ដោយសារលង់ទឹកដោយឡែកពីគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកតាវ័យ៨១ឆ្នាំនិងក្មេងប្រុសអាយុ០៦ឆ្នាំបានលង់ទឹកស្លាប់ដោយឡែកពីគ្នា ដោយម្នាក់នៅស្រុកភ្នំស្រុកនិងម្នាក់ទៀតនៅស្រុកមង្គលបុរី។

នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សពលោកតាវ័យ៨១ឆ្នាំម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកស្រះខាងត្បូងភូមិព្រះអណ្តូង(ច្រវាទូក) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ ជនរងគ្រោះឈ្មោះ សុក កប ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ គាត់ជាមនុស្ស ចាស់ជរា មានទម្លាប់ដើរចុះងូតទឹកស្រះតែម្នាក់ឯងជាប្រចាំថ្ងៃ ព្រោះកូនគាត់មិនសូវយកចិត្តទុកដាក់មើលថែទាំ។

    តាមការបំភ្លឺរបស់ឈ្មោះ ដេត ឌុល ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាកូនប្រសាបានឱ្យដឹងថា ឪពុកក្មេករបស់គាត់បានបាត់ពីផ្ទះតាំងពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបានដើររកតែរកមិនឃើញ។ លុះព្រឹកឡើងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គាត់ក៏បានដើររកទៀតស្រាប់តែឃើញសាកសពឪពុកក្មេកគាត់ស្លាប់អណ្តែតក្នុងទឹកស្រះនៅចំណុចកើតហេតុខាងលើ ហើយបានហៅបងប្អូនជួយស្រង់យកមកដាក់លើគោក។

មួយករណីទៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤០នាទីព្រឹក មានករណីក្មេងលង់ទឹកនៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា៖ក្មេងរងគ្រោះ ឈ្មោះ គន្ធា សុវណ្ណថៃ ភេទប្រុស អាយុ០៦ឆ្នាំ លង់ទឹកស្រះខាងត្បូងភូមិចម្ងាយពីផ្ទះប្រហែល ១.០០០ ម៉ែត្រនៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបុរី ។ ជនរងគ្រោះមានឪពុកឈ្មោះ យាន គន្ធា អាយុ៣៨ឆ្នាំនិងម្ដាយឈ្មោះ ហ៊ាន គិមអាង អាយុ ២៩ឆ្នាំ ដោយឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ។ 

នគរបាលបានបញ្ជាក់ថា៖ តាមការស្រាយបំភ្លឺរបស់ឈ្មោះ ចាប ហ៊ាន  ភេទប្រុស អាយុ៧១ ឆ្នាំ ត្រូវជាជីតាបង្កើតបានរៀបរាប់ថា មុនពេលកើតហេតុចៅរបស់គាត់បានទៅស្រង់ស្រូវពូជជាមួយជីតា នៅវាលចិញ្ច្រាំពស់ខាងត្បូងភូមិ តែដោយបាត់យូរពេកគាត់បានទៅរកមើលឃើញចៅគាត់លង់ទឹកស្រះស្លាប់ ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖