ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយ​បាន​កែ​ច្នៃ​អាវុធចំនួន​២ដើមយក​ទៅ​បាញ់ប្រហារ​ជីវិត​ឪពុកមានិង​ម្តាយមីង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម ដោយ​សារ​មាន​គំនុំ​សង្ស័យ​ថាជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ការគិតប្លែកៗខ្វះការគិតពិចារណា ក្លាយទៅជាលំនាំគុំកួន ធ្វើឱ្យយុវជនម្នាក់ហ៊ានលើកដៃបាញ់សម្លាប់ សាច់ញាតិរបស់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធចោល ដែលកើតឡើងដោយគំនុំមួយឆាវ ក្លាយជាឃាតក អាចជាប់ពន្ធនាគារអស់មួយជីវិត។

បើយោងតាមសេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យដឹង​ថា : មានជន​ដៃដល់​ម្នាក់​ជាប់ពាក់​ព័ន្ធ​នឹងអំពើ​ឃាតកម្ម​ដ៏​​សាហាវ ដែល​ត្រូវជា​ក្មួយ​បាន​កែ​ច្នៃ​អាវុធចំនួន​២ដើមយក​ទៅ​បាញ់ប្រហារ​ជីវិត​ឪពុកមានិង​ម្តាយមីង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម ដោយ​សារ​មាន​គំនុំ​សង្ស័យ​ថាជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។

ជនសង្ស័យជាឃាតកហាក់ដូចមិនខ្លាច ភ័យព្រួយរឿងគុកច្រវាក់ បុណ្យបាប បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន។

តែ​ទោះជា​យ៉ាងណា​ក្តី ជន​ដៃដល់ជា​ឃាតកត្រូវ​បាន​លោក​ឧត្ត​មសេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តព្រះវិហារបញ្ជាទៅ​លោក​ឧត្តមសេនីយ៍ត្រីស្នងការរ​ងទទួល​ផែនការ​ងារ​នគរ​បាល​ព្រហ្មទណ្ឌឱ្យដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​លោក​អ​ធិ​ការ​ស្រុក​សែន​ជ័យ និង​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗផង​ដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា : ជន​ដៃដល់​ឈ្មោះ អាំ ឡា​ម ភេទ​ប្រុស អាយុ​២៩ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ដែល​ត្រូវជា​ក្មួយ​ជន​រង​គ្រោះ​ឈ្មោះ រស់​ ​គឿ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ (​ត្រូវជាឪពុកមា​ បានបាត់បង់ជីវិត) និង​ឈ្មោះ មាស​  រី ភេទ​ស្រី អាយុ​៥៩ឆ្នាំ (​ត្រូវជា​ម្តាយមីង​បានបាត់បង់ជីវិត) ។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ មានមុខ​របរជា​កសិករ រស់នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យដឹង​ទៀត​ថា : កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ មាន​ករណី​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​មួយ បាន​កើតឡើង​នៅ​ចំណុច​បុស្ស​ល្ហុង ជា​ចម្ការ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែល​បង្ក​ដោយ​ជនសង្ស័យ​ត្រូវជា​ក្មួយ បាន​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ចំនួន​២​ដើម យក​ទៅ​បាញ់ប្រហារ​ជីវិត​ជន​រង​គ្រោះជា​ឪពុកមា ត្រូវ​ចំ​ចង្កេះ​ខាងស្តាំ​ធ្លាយ​ទៅ​ខាងឆ្វេង បណ្តាល​ឱ្យស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ដេញ​តាម​បាញ់​ប្រហារជីវិត​ម្តាយមីង​ម្នាក់​ទៀត ត្រូវ​ចំ​ដើម​ដោះ​ខាងស្តាំធ្លាយ​ទៅ​ក្រោយ ​បណ្តាលឱ្យ​​ស្លាប់​ក្នុង​ចម្ការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ។ មូលហេតុ​ ដោយសារជនដៃដល់​មាន​គំនុំ​ថា​ជន​រង​គ្រោះ​ចេះ​អំពើ​ធ្មប់ ។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី  ។

សូមបញ្ជាក់ថា : ការប្រព្រឹត្តបទល្មើស មជ្ឈិម ឧក្រិដ្ឋខ្លះកើតឡើងដោយការគិតខ្លី ខ្វះការពិចារណា ឬប្រើប្រាស់សារធាតុញៀនធ្វើឱ្យជនដៃដល់ហ៊ានប្រព្រឹត្ត ។ ជាក់ស្ដែងដូចជាករណីនេះ ឃាតកមិនគួរណាហ៊ានលើកដៃយកកាំភ្លើងកែច្នៃរហូតដល់ពីរដើម បាញ់សម្លាប់ឪពុកមា និងម្ដាយមីងឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់បំផុត។ ជនសង្ស័យអាចប្រឈមនឹងជាប់ពន្ធនាគារអស់១ជីវិត ព្រោះជាអំពើឃាតកម្មគិតទុកជាមុន៕

ដោយ ៖ សហការី


ចែករំលែក៖