ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងចំណែករថយន្តបើកគេចបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូចេញពីផ្ទះបម្រុងទៅហែលទឹកហាត់ប្រាណ នៅកោះនរា ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៥និង ៣០ នាទីព្រឹកថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅគល់ស្ពានកោះនរាប៉ែកខាងលិច សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ចាន់ប៉េង លាង  អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដា គុបស៊េរី ចាស់គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងតែហាត់ប្រាណនៅកោះនរា ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាកនិងស្លាលលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនឹងវាស់វែង និងឆែកតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរករថយន្តបង្ក និងអ្នកបើកបរយកមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖