ខេត្តកណ្តាល៖ ចៅសង្កាត់ព្រែកឫស្សីលោកឆេង ឆៃ បានអះអាងថា រូបលោកបានបញ្ជាអោយមន្ត្រីនគរបាលប៉ុស្តិ៍ចុះហាមឃាត់ករណីធ្វើរបងស័ង្កសីលើរបងចាស់ដែលបងប្អូនប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងកន្លងមក។ ការអះអាងបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ខណៈដែលលោកចៅសង្កាត់ចេញលិខិតកោះហៅតំណាងប្រជាពលរដ្ឋនិងម្ចាស់របងទាំងសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ អោយចូលមកជួបដោះស្រាយគ្នា។
នៅពេលបើកកិច្ចប្រជុំដោះស្រាយនោះលោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សីបានស្នើអោយភាគីទាំងពីរសម្របសម្រួលគ្នា។តែភាគីម្ចាស់របងទាមទារលក់ដីចំណីផ្លួវដែលសង់របងរំលោភចូលក្នុងតម្លៃទីផ្សារ។ រីឯភាគីប្រជាពលរដ្ឋអះអាងថាមិនមានលុយទិញដីរដ្ឋនោះទេគឺសុខចិត្តធ្វើរបងថ្មីអោយបើភាគីម្ចាស់របងព្រមបើកផ្លូវដោយស្ម័ក្រចិត្ត។ ការដោះស្រាយគ្នានេះធ្វើឡើងក្រោយពីប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំនោះបានផ្តិតមេដៃសំណេីសុំកិច្ចអន្តរាគមន៍ពីលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយអន្តរាគមន៍បើកផ្លូវ។ បើទោះជាជំនាញបានចុះវាស់វែងបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី អ៊ុក ចាន់ណាត ធ្វើរបងរំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៦៣ម)។ ចំណែកម្ខាងទៀតអាងខ្លួនជាមន្ត្រីជំនាញសុរិយោដីឈ្មោះញ៉ែម សារ៉ាឌី រំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៩៥ម)ដែរ។ការចុះវាស់វែងរបស់មន្ត្រីជំនាញខាងលើធ្វើឡើងក្រោយពីសាលាខេត្តកណ្តាលចេញ សជណ លេខ៣៧២ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំខាងលើធ្វើការតវ៉ាមក រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ស្រាប់តែក្រុមគ្រួសារលោកស្រី អ៊ុក ចាន់ណាត បានធ្វើរបងថែមពីលើដោយល្មើសទៅនឹងការចុះហាមឃាត់របស់អាជ្ញាធរ។ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំនោះបានអោយដឹងថា នៅពេលឃើញជនរំលោភដីចំណីផ្លូវធ្វើរបងភ្លាមពួកគាត់បានតេរាយការណ៍ជូនលោកចៅសង្កាត់ព្រែកឫស្សីអោយជួយអន្តរាគមន៍ឃាត់សកម្មភាពធ្វើរបងរំលោភលើដីចំណីផ្លូវនោះ តែជនរំលោភនោះបែរជាខ្លាំងជាងអាជ្ញាធរគឺមិនព្រមបញ្ឈប់សកម្មភាពឡើយគឺធ្វើទាល់តែហើយជាស្ថាពរ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកគង់ សោភ័ណ្ឌ មិនទុកបណ្តឹងរបស់ប្រជាពលរដ្ឋចោលឡើយ ដែលគេដឹងថាភាគីម្ខាងទៀតឈ្មោះ ញ៉ែម សារ៉ាឌី មានមុខងារជាមន្ត្រីជំនាញសុរិយោដីរាជធានីភ្នំពេញបានរំលោភយកដីចំណីផ្លវសាធារណះមិនចេះខ្មាស់អៀន ទាមទារលក់ដីរដ្ឋអោយពលរដ្ឋ ។ កិច្ចប្រជុំដោះស្រាយនោះត្រូវបញ្ចប់នៅព្រឹកថ្ងៃដដែលដោយភាគីទាំងពីរមិនត្រូវរ៉ូវគ្នាទេរង់ចាំដំណោះស្រាយបន្តទៀត៕
ដោយ៖ ស្អាង ជ័យ