ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅប្រទេសឡាវ ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត សាយ សំផន កុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ។ បន្ថែមពីលើនេះ សម្ដេចមហារដ្ឋសភាធិការធិបតី បានជួបសម្តែងការគួរសម ជាមួយ លោក ថងលូន ស៊ីសូលីត (THONGLOUN Sisoulith) ប្រធានរដ្ឋ និង លោក សនសៃ ស៊ីផាន់ដន (SONEXAY Siphandone) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ បានទទួលជួបសវនាការជាមួយសមាគមមិត្តភាពឡាវ-កម្ពុជា និងបានជួបសំណេះ សំណាលសាកសួរសុខទុក្ខនិស្សិត និងមន្ត្រីការទូតកម្ពុជាដែលកំពុងសិក្សា និងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវផងដែរ។

នៅគ្រប់ជំនួបពិភាក្សាជាមួយភាគីមិត្តឡាវ សម្តេចរដ្ឋសភាធិបតី និងថ្នាក់ដឹកនាំប្រទេសឡាវ បានលើកឡើងពីទំនាក់ ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដែលមានតាំងពីរយូរលង់ណាស់មកហើយ និងដែលត្រូវបានពូនជ្រំលើក កម្ពស់ជាលំដាប់ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។ លទ្ធផលល្អនៃទំនាក់ទំនងប្រទេសកម្ពុជា-ឡាវ ដែលបានធ្វើឱ្យ ប្រទេសទាំងពីរកាន់តែស្អិតរមួត ដោយក្នុងនោះថ្នាក់ដឹកនាំទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរគឺជា «ដន្លងនឹងគ្នាផងដែរ»។ ទំនាក់ទំនងជាប្រពៃណីបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែង ឈរលើស្មារតីសាមគ្គីភាព ស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើង ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ ជូនដល់ប្រជាជននិងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី យួន សុដារី និង លោកបណ្ឌិត សាយ សំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានប្ដេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសជំរុញការអនុវត្ត រាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក។ រដ្ឋសភាកម្ពុជា និងឡាវ បន្តលើកកម្ពស់ការអនុវត្តអនុស្សរណៈដែលរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ២០២២ ឱ្យមាន ប្រសិទ្ធភាពនិងលទ្ធផលបន្ថែម។ រដ្ឋសភាកម្ពុជាក៏ដូចជារដ្ឋសភាឡាវ បានគាំទ្រដល់ការដាក់ចេញនូវគោលនយោបាយទេសចរណ៍ របស់ប្រមុខរដ្ឋាភិបាលទាំងបីប្រទេសតាមបាវចនា ប្រទេសបីគោលដៅទេសចរណ៍តែមួយ។

សម្តេចរដ្ឋសភាធិបតី យួន សុដារី និង លោកបណ្ឌិត សាយ សំផន កុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏បានចែករំលែក ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេសទាំងពីរជាមួយគ្នាផងដែរ។ លោកបណ្ឌិត សាយ សំផន កុមវិហាន បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយ សេរីនិងយុត្តិធម៌ ដែលមានប្រជាពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយពលរដ្ឋជាង៩២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភានីតិកាលទី៧ មានគណបក្សនយោបាយចំនួនពីរ បានឈ្នះឆ្នោត ក្នុងចំណោមគណបក្ស១៨ដែលបានចូលរួមបោះឆ្នោត។ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានសមាសភាពគណៈរដ្ឋមន្ត្រីភាគច្រើនវ័យក្មេង មានអាយុក្រោម៦០ឆ្នាំ ពោរពេញដោយសមត្ថភាព សីលធម៌ និងភាពស្វាហាប់ មុះមុតក្នុងដឹកនាំកសាងប្រទេស បន្តវេនពីឥស្សរជនជំនាន់មុន គឺធ្វើយ៉ាងណា ការពារថែរក្សាឱ្យ បាននូវសុខសន្តិភាព និងការលើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយសមធម៌និងចីរភាព តាមរយៈយុទ្ធសាស្ត្របញ្ចកោណ។

លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថា ប្រទេសឡាវបាននិងកំពុងអនុវត្តកម្មវិធីនយោបាយនៅក្នុង ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីទទួលរងនូវវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសកលផ្សេងទៀតជាបន្តបន្ទាប់។ ការស្តារសេដ្ឋកិច្ច របស់ប្រទេសឡាវ គឺផ្តោតសំខាន់លើការភ្ជាប់ផ្លូវគមនាគមន៍ មាន ផ្លូវដែក និងផ្លូវល្បឿនលឿនជាមួយប្រទេសក្នុងតំបន់ និង ប្រទេសជិតខាង ដោយបានប្រែក្លាយពីប្រទេសដ៏គោកដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (Land-locked ទៅ Land-linked)។ ឆ្នាំ២០២៤ជាឆ្នាំទេសចរណ៍របស់ឡាវ ដូច្នេះឡាវសង្ឃឹមថានឹងមានភ្ញៀវទេសចរជាច្រើនទៅទស្សនាប្រទេសឡាវ។

រដ្ឋសភាកម្ពុជាគាំទ្រការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៥ របស់ប្រទេសឡាវនៅឆ្នាំ២០២៤ ដោយបានត្រៀមជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារៈដល់រដ្ឋសភាឡាវ ក្នុងការរៀបចំវេទិកា អន្តរសភានេះ ឱ្យទទួលបានជោគជ័យ។

រដ្ឋសភា និងរដ្ឋាភិបាលឡាវបានអរគុណរដ្ឋសភាកម្ពុជា ដែលបានជួយផ្ដល់អាហារូបករណ៍ដល់និស្សិតឡាវឱ្យបាន មកសិក្សានៅកម្ពុជា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា ព្រមទាំងបានជួយបណ្តុះបណ្តាលជំនាញសភាដល់មន្ត្រីរាជការ រដ្ឋសភាឡាវផងដែរ។

ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវនេះ សមាជិកគណៈប្រតិភូដែលអម សម្តេចរដ្ឋសភាធិបតី ក៏បានជួប ពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀត ជាអាទិ៍ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក សាន់យ៉ា ប្រាសិត (SANYA Praseuth) ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាឡាវ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ វង្សសក្តិ ផាន់ថាវ (VONGSACK Phanthavong) ប្រធានគណៈកម្មការការពារជាតិ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ តឹងខាំ ឡាសាស៊ីម៉ា (PINKHAM Lasasimma) អគ្គលេខាធិការរដ្ឋសភាឡាវ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី នឹងដឹកនាំ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវ ធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖