ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គម វប្បធម៌ នៃកិច្ចប្រជុំកំពូល CLV លើកទី១

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មការ សេដ្ឋកិច្ច សង្គម វប្បធម៌ នៃកិច្ចប្រជុំកំពូល CLV លើកទី១ ដឹកនាំដោយប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ភាគីកម្ពុជាមាន លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ ចូលរួមជាសហប្រធានកិច្ចប្រជុំ។

ចំណែកគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។

កិច្ចប្រជុំបានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តនូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA យ៉ាងសកម្ម។ រដ្ឋាភិបាលប្រទេសទាំងបី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម លើកទី១ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី អនុលោមតាមសេចក្តីថ្លែងការណ៍រួមរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបី​ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានសម្រេច «លើកកម្ពស់យន្តការកិច្ចប្រជុំគណៈកម្មាធិការនៃរដ្ឋសភា CLV ទៅកម្រិតកិច្ចប្រជុំកំពូលសភា CLV ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង»៕

ដោយ ៖ សហការី


ចែករំលែក៖