ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយលោកស្រីអនុប្រធានរដ្ឋសភាឡាវ នាពេលពិសាអាហារពេលព្រឹកមុនដំណើរមាតុភូមិនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Dr. Suonthone Xayachack) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពេលពិសាអាហារពេលព្រឹក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវនិងវៀតណាម(CLV) បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល រាក់ទាក់ និងជាបងប្អូន។

សម្តេចមហារដ្ឋសភាធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដោយបាននាំមកនូវលទ្ធផលជាទីមោទនៈ ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) តាមរយៈកិច្ចសហប្រតិបត្តិរវាងសភាប្រទេសទាំងបី។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋសភា បក្ស រដ្ឋ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុតជូនសម្តេចក៏ដូចជាគណៈប្រតិភូកម្ពុជាទំាងអស់កំឡុងពេលបំពេញទស្សនកិច្ចផ្លូវការក៏ដូចជាការចូលរួមកិច្ចប្រជុំកំពូលសភា CLV។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅពេលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសឡាវម្តងៗ មានអារម្មណ៍ជិតស្និទ្ធនិងកក់ក្តៅ ប្រៀបដូចជាការមកលេងផ្ទះបងប្អូន។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវបណ្ឌិត សួនថន សាយ៉ាចាក់ បានរំលឹកពីប្រវត្តិនៃការតស៊ូ សាមគ្គី រវាងប្រទេសទំាងពីរដែលមានតំាងពីយូរលង់មកហើយ។ ប្រពៃណីទំនាក់ទំនងដ៏ល្អនេះ បានពូនជ្រំ លើកកម្ពស់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ និងបន្តរីកចម្រើនឈានឡើងជាលំដាប់ ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបាននាំមកនូវវិបុលភាព និងការអភិវឌ្ឍដល់ប្រទេស និងប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភានិងលោកស្រីអនុប្រធានរដ្ឋសភាឡាវ បានឯកភាពនៅក្នុងការបន្ត ថែរក្សាវប្បធម៌ប្រពៃណីជាបងប្អូនឱ្យបានយូរអង្វែងនិងត្រូវផ្សព្វផ្សាយ អប់រំដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែច្បាស់ ព្រមទាំងចូលរួមថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់រហូតទៅ។

សូមជម្រាបថាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូ និងបានបន្តចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ៕

ដោយ ៖ សិលា


ចែករំលែក៖