ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ​២៨ឆ្នាំម្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា យោងតាម លទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្ដើមមានរោគសញ្ញា នៅ ប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅ ក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាននិងកំពុងសហការ ជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និង ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

១. របៀបចម្លង៖

• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាយ កែវទឹក។ល។

• វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

២. វិធានការបង្ការការចម្លងជំងឺអុតស្វា៖

• អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។

• ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញ រោគសញ្ញាជំងឺអុតស្វា។ 

• ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។ ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឫសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា កម្រាលពូក ខ្នើយ ឬកន្លែងនោះ

• ពាក់ម៉ាសប្រសិនបើអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺអុតស្វា។

• រក្សាអនាម័យផ្លូវដង្ហើម និងអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដែល លាងដៃ ឬអាល់កុលលាងដៃ។

• បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រុមជ្រុះអស់។ 

• បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។

• បុគ្គល មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

៣. ចំពោះបុគ្គលិកសុខាភិបាល៖

• លើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងអនុវត្តការបង្ការ និងត្រួតពិនិត្យការចម្លង រោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេស ជាពិសេសមានការប្រុង ប្រយ័ត្នចំពោះការប៉ះពាល់និងតំណក់ទឹកតូចៗ ដោយប្រកាន់ខ្ជាប់ខ្ជួនចំពោះអនាម័យដៃ ឧបករណ៍ ការពារផ្ទាល់ខ្លួន ការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ ការបោកគក់ កាកសំណល់ដែលឆ្លង មេរោគឱ្យបានត្រឹមត្រូវ ព្រមទាំងការសម្អាតនិងសម្លាប់មេរោគលើផ្ទៃបរិស្ថានផងដែរ។

• គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺ ដែលមានចេញកន្ទូលពងរមាស់លើស្បែក ឬពងទឹកខុសពីធម្មតាមានគ្រុនក្តៅ និងមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើនេះ សូមរាយការណ៍ឱ្យបានឆាប់បំផុត ដើម្បីបង្ការការចម្លងបន្តគ្នានៅ ក្នុងក្រុមគ្រួសារ និងសហគមន៍។

• អនុវត្តវិធានការការពារការឆ្លងពេលពិគ្រោះជំងឺ និងដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗនូវករណ៏សង្ស័យ ឬករណ៏បញ្ជាក់ថាមានជំងឺអុតស្វានៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងបន្ទប់ទឹកដាច់ដោយឡែក។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ៕

ដោយ ៖ សិលា


ចែករំលែក៖