ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

ចែករំលែក៖

​(រដ្ឋធានីហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង ដែលនឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕

ដោយ៖ សហការី


ចែករំលែក៖