ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បានបញ្ជាក់ថា​ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណង់ចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់ គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

ខាងក្រោមនេះ​ជាសេចក្ដី​សេចក្ដីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​៖


ចែករំលែក៖