ក្រសួងការពារជាតិរបស់ប្រទេសរុស្សុីបាននិយាយថា យោធារុស្ស៊ីបានបញ្ឈប់យន្តហោះគ្មានមនុស្សបើកចំនួន 30 គ្រឿងដែលសំដៅទៅកាន់ឧបទ្វីបគ្រីមៀ។
ភាគីរុស្ស៊ីបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថាបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (UAV) ចំនួន ២៦ គ្រឿងប្រឆាំងនឹងតំបន់គ្រីមៀកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ប៉ុន្តែ UAV ទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី។
បន្ទាប់មក កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារលើកទីពីរជាមួយនឹង UAVs ចំនួនប្រាំមួយគ្រឿងបន្ថែមទៀត។ UAVs ទាំងនេះក៏ត្រូវបានស្ទាក់ចាប់ផងដែរ។ យោធារុស្ស៊ីបានរាយការណ៍ថា មិនមានអ្នកស្លាប់ឬការខូចខាតសម្ភារដែលទាក់ទងនឹងការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែននោះទេ។
នៅព្រឹកថ្ងៃដដែល កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើតំបន់ Kursk របស់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន។ កម្លាំងការពាររុស្ស៊ីបានបញ្ឈប់ការវាយប្រហារដោយបាញ់ទម្លាក់ដ្រូនពីរគ្រឿង។
ក្រុងគៀវបានបង្កើនការវាយប្រហារដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកលើគ្រីមៀក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កាលពីខែកញ្ញា យោធាអ៊ុយក្រែនបានបាញ់បង្ហោះកាំជ្រួចនៅឯកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Sevastopol ដោយបានបំផ្លាញនាវាកងទ័ពជើងទឹកពីរគ្រឿង។ ប្រាំបួនថ្ងៃក្រោយមក កាំជ្រួចមួយត្រូវបានបាញ់នៅទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅនៅក្នុងទីក្រុង Sevastopol ផងដែរ។
កាលពីខែតុលា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនរាប់សិបគ្រឿងត្រូវបានបាញ់ទម្លាក់នៅសមុទ្រខ្មៅ និងភាគពាយ័ព្យនៅគ្រីមៀ។ យន្តហោះគ្មានមនុស្សបើកមួយក្រុមផ្សេងទៀតត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ីនៅលើសមុទ្រ Azov និងឧបទ្វីបកាលពីដើមខែធ្នូ។
កាលពីថ្ងៃទី១៤ ខែធ្នូ អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកនៅជិតរដ្ឋធានីរុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត៖ VOV.VN