ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃ ។
សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ។
សូមជម្រាបថា កម្ពុជា-ចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ ទំនាក់ទំនងនេះបានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។ បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត ហើយបន្តក្លាយទៅជាមិត្តដែកថែប រហូតដល់បច្ចុប្បន្ន ៕
ដោយ ៖ សហការី