ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹង ដល់ក្រុមអាជីវករលក់ដូរនៅតាមរបងមន្ទីរពេទ្យកុមារជាតិ ជាច្រើនលើកច្រើនសាររួចមកនោះ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌ បានដាក់កម្លាំងចុះរុះរើតូបលក់ដូររបស់អាជីវករ និងអ្នកលក់ដូរនៅតំបន់នោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងបញ្ចៀសការស្ទះចរាចរ។
ក្នុងប្រតិបត្តិការនោះ លោក ស៊ឹម សុផង់ អភិបាលរង ខណ្ឌទួលគោក បានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរចុះមករុះរើ និងរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិ ក្នុងបំណងធ្វើយ៉ាងណា មិនឱ្យកើតមានគ្រោះថ្នាក់ចរាចរជាយថាហេតុណាមួយ និងមិនឱ្យកើតមានការកកស្ទះចរាចរ នៅបណ្ដាផ្លូវមួយចំនួន ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យកុមារជាតិនេះ។
អភិបាលរងរូបនេះ បន្ដថា ការចុះអនុវត្តរបស់អាជ្ញាធរនៅថ្ងៃនេះ គឺអ្នកលក់ដូរនៅទីនោះ បានចូលរួមសហការផុលផុស ខណៈអាជ្ញាធរបានចេញសេចក្ដីជូនដំណឹង ណែនាំពួកគាត់កន្លងមករួចមកហើយនោះ។
លោកអភិបាលរង បានបន្ថែមថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ មិនមែនសំដៅតែទីតាំងក្បែររបងមន្ទីរពេទ្យកុមារជាតិប៉ុណ្ណោះទេ។ ប៉ុន្តែកន្លងមក អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបសណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈផ្សេងៗទៀត ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ជាបន្តបន្ទាប់ រហូតមក។ លោក បន្តថា រាល់ការលក់ដូរ ដែលយកចញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងអាជីវកម្ម ផ្សេងៗ គឺមិនត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ តទៅទៀតឡើយ។
ជាមួយគ្នានោះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ក៏សុំអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរនានាទាំងអស់ សូមយោគយល់ អាធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងវិថីទាំងអស់ ក្នុងភូមិសាស្រ្ដ ខណ្ឌទួលគោក ជៀសវាងកើតមាននូវការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរជាយថាហេតុជាដើម៕
ដោយ៖ សហការី