ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជិត ៤៤ ពាន់លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចជិត ៤៤ ពាន់លានដុល្លារអាមេរិក ជាពិសេសកំណើននៃការនាំចេញមានខ្ពស់ជាងនាំចូល ពោលគឺតុល្យភាពពាណិជ្ជកម្មមានវិជ្ជមាន។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗដូចជាការចរចាបើកច្រក ទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការលើកកម្ពស់សុខុមាលភាពជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាព និងសន្តិសុខស្បៀង ដែលសមិទ្ធិផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ ២០២៤ » នៅទីស្តីការក្រសួងពាណិជ្ជកម្មរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕

ដោយ ៖ សហការី


ចែករំលែក៖