កម្លាំងទាហានអាមេរិកបានឱ្យដឹងថា អុីរ៉ង់មានទីតាំងក្រោមដីរក្សាទុកយន្តហោះគ្មានមនុស្សបើកវាយលុកបំពាក់មីស៊ីលជាច្រើនគ្រឿង។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា សហរដ្ឋអាមេរិកបានចោទប្រកាន់អ៉ីរ៉ង់ថា មានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីយេម៉ែនលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ជាមួយការផ្គត់ផ្គង់យន្ដហោះដ្រូន មីស៊ីល និងតាក់ទិកស៊ើបការណ៍។
ការចោទប្រកាន់ខាងលើធ្វើឡើងដោយសេតវិមាន ដោយផ្អែកលើព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហើយនេះគឺជាការចោទប្រកាន់ត្រង់ៗលើកដំបូងបំផុតពីការចូលរួមរបស់អ៉ីរ៉ង់នៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី លើ កប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាមក។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាអ៉ីរ៉ងបានចូលរួមយ៉ាងស៊ីជម្រៅទាំងក្នុងផែនការនិងការវាយប្រហារប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មក្នុងតំបន់សមុទ្រក្រហម ដែលស្របទៅនឹងការគាំទ្រជាសម្ភារជាយូរណាស់មកហើយរបស់អ៉ីរ៉ង់ និងការលើកទឹកចិត្តដល់ក្រុមហ៊ូទីបង្កអស្ថិរភាពក្នុងតំបន់»។ លោកស្រីបន្ថែមថា សហរដ្ឋអាមេរិកក៏មិនជឿ នោះដែរថាអ៉ីរ៉ង់បានព្យាយាមបញ្ចុះបញ្ចូលឬរារាំងក្រុមហ៊ូទីកុំឱ្យធ្វើសកម្មភាពគឃ្លើន។
ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែននិងមានការគាំទ្រពីអ៉ីរ៉ង់ ត្រូវបានរាយការណ៍ថា បានវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហមជាបន្តបន្ទាប់ចាប់តាំងពីខែវិច្ឆិកា ដោយអះអាងថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជន ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់។ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទី សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើតក្រុមចម្រុះមួយដែលមកទល់នឹងពេលនេះត្រូវបានមន្ទីរបញ្ចកោណបញ្ជាក់ថាមានប្រទេសជាង២០ចូលរួម ដើម្បីការពារការធ្វើនាវាចរ និងការដឹកទំនិញនៅតំបន់សមុទ្រក្រហម៕ ដោយ៖ ធីរីណា
រូបថត៖ baomoi