ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់មិនស្គាល់អត្តសញ្ញាណធាក់ប្លន់យកម៉ូតូពីជនជាតិចិនម្នាក់បានសម្រេច រីឯជនរងគ្រោះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនជាតិចិនម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូសុខៗស្រាប់តែជនសង្ស័យមិនស្គាល់អត្តសញ្ញាណ៤នាក់ ស្ទុះមកធាក់ផ្ដួលប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ ករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)នេះកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៥និង០៥នាទីព្រឹក នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ WANG ZHUAN (វ័ង ជាន់) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនដីគោក មុខរបរប្រធានផ្នែកគ្រប់គ្រងម៉ាស៊ីន ស្នាក់នៅក្នុងរោងចក្រ លេសសូ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល កាន់ប៉ាស្ព័រលេខEJ3487060 (ជនរងគ្រោះមានរបួសធ្ងន់ធ្ងរ)។ ចំណែកជនសង្ស័យចំនួន ៤នាក់ប្រុស (មិនស្គាល់អត្តសញ្ញាណ)។ សម្ភារបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Z-8123 លេខតួនិងលេខម៉ាស៊ីន ៩៨៨១៨៧៧។ សម្ភារចាប់យក៖ អាវុធកែច្នៃដាវចំនួនមួយដើម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង០០និង៤០នាទី ជនរងគ្រោះបានខ្ចីម៉ូតូពីកូនចៅរបស់ខ្លួនឈ្មោះ អុី វុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ដើម្បីទៅហូបអីនៅខាងក្រៅ។ 

    តាមការបំភ្លឺរបស់ឈ្មោះ អុី វុង ថា ពេលកន្លងមកជនរងគ្រោះតែងតែខ្ចីម៉ូតូរបស់ខ្លួនចេញទៅហូបអីនៅខាងក្រៅក្នុងមួយអាទិត្យ៣ទៅ៤ដង ។ ពេលដែលជនរងគ្រោះទៅនោះរយៈពេលមួយម៉ោងទៅពីរម៉ោងទើបត្រឡប់ចូលរោងចក្រវិញ។ ចំណែកនៅថ្ងៃកើតហេតុនេះមិនឃើញជនរងគ្រោះមកវិញឡើយ ក្រោយមកទើបដឹងថាជនរងគ្រោះមានគ្រោះថ្នាក់។ រហូតមកដល់ម៉ោង៥និង៣០នាទី ទើបឈ្មោះ អ៊ុក ចំរើន ជាសន្តិសុខយាមរោងចក្របានចេញពីផ្ទះដើម្បីទៅប្ដូរវេនយាមនៅក្នុងរោងចក្រលេសសូ ពេលជិះម៉ូតូដល់ចំណុចកើតហេតុក៏ឃើញមានជនជាតិចិនម្នាក់ជាបុគ្គលិករោងចក្រលេសសូ បានដួលដេកលើផ្លូវបេតុងនិងមានស្នាមឈាមហូរជាច្រើន ក៏រាយការណ៍ទៅមេសន្តិសុខវេនយប់ ក្រោយមកទើបខាងរោងចក្រនាំគ្នាចេញទៅមើលជនរងគ្រោះ។ នៅពេលបុគ្គលិកចេញទៅមើលជនរងគ្រោះនោះមិនមានឃើញម៉ូតូនៅជិតជនរងគ្រោះឡើយ។ ក្រោយមកទើបបានឆែកកាមេរ៉ាសុវត្ថិភាពមើលក៏ឃើញមានសកម្មភាព ជនសង្ស័យចំនួនបួននាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿង បានធាក់ដៃចង្កូតម៉ូតូជនរងគ្រោះឱ្យដួល បន្ទាប់មកក៏លើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចទៅទិខាងត្បូងបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវបានក្រុមការងារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ លទ្ធផលចុះស៊េីបអង្កេតស្រាវជ្រាវ​ មិនទាន់កំណត់មុខសញ្ញាបាន​ទេ សមត្ថកិច្ខជំនាញកំពុងបន្តចុះស៊េីបអង្កេតស្រាវជ្រាវ​។ 

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍កំពុងស្រាវជ្រាវរកមុខសញ្ញានិងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖