ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៏របស់គណបក្សប្រជាជនកម្ពុជា ,!!! គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាថែរក្សា “សន្តិភាព” មិនឱ្យបាត់បង់ទៅវិញជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាជនកម្ពុជា បានយល់ដឹងយ៉ាងច្បាស់ថា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង។ សន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ ព្រោះជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការរស់នៅសុខដុមរមនារបស់ប្រជាជន ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះនៃការអនុវត្តសិទ្ធិមនុស្សផងដែរ។

ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុត ចំពោះ ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានកំណត់យក ថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ “ថាទិវាសន្តិភាពនៅកម្ពុជា”។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏សូមគោរពដឹងគុណជានិច្ចចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ឯកភាពទឹកដីពេញផ្ទៃប្រទេស ហើយដែលកម្ពុជាពុំធ្លាប់មាននោះឡើយនៅក្នុងរយៈកាលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាថែរក្សា “សន្តិភាព” មិនឱ្យបាត់បង់ទៅវិញជាដាច់ខាត ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖