ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីរាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌ដោយប្រមូលបានថវិកា​ជាង៣មុឺនដុល្លារអាមេរិក

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មវិធីរាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌ប្រមូលថវិកាបានចំនួន៣១,០៨៩.៩៨ដុល្លារអាមេរិក។

ពិធីនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្តរតនគិរីក្រោមអធិបតីភាពលោក ញ៉ែម សំអឿន ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងលោកជំទាវ។

 លោកញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាខេត្តបានសម្ដែងការអរគុណចំពោះសប្បុរសជនដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន សិប្បករ អាជីវករដែលបានចូលរួមក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយឧប្បតិ្តហេតុផ្សេងៗ។

លោកប្រធានបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នអង្គការមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជា និងបានបម្រើសកម្មភាពមនុស្សធម៌ឈានមុខគេជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងជួបគ្រោះមហន្តរាយផ្សេងៗ មិនមានការរើសអើង ប្រកបដោយភាពអព្យាក្រឹត មានតម្លាភាព ឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ។

ស្ថាប័នកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំប្រកបដោយគុណធម៌ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើអោយសប្បុរសជនគ្រប់ទិសទី មានចិត្តសប្បុរស ប្រកបដោយសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធានថវិកាជូនកាកបាទក្រហមជាហូរហែបន្តបន្ទាប់នាពេលកន្លងមក។

ការងារស្វែងរកមូលនិធិនេះ គឺជាការងារមួយចម្បង និងឈានមុខគេដែលសាខា ត្រូវពង្រឹងនិងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនងាយរងគ្រោះនានា សាខាបាននិងកំពុងដំណើរការជាបណ្តើរៗ ដើម្បីធានាភាពជាម្ចាស់លើហិរញ្ញវត្ថុរបស់សាខា។

លោក ញ៉ែម សំអឿនបានបញ្ជាក់ថា រាត្រីនេះអាចដំណើរការទៅបានក៏អាស្រ័យលើការជឿជាក់ដែលបានចាប់ផ្តើមពីខ្ញុំនិងអ្នក ទាំងអស់គ្នាដែលបានចូលរួមគាំទ្រវិភាគទាន ជាសម្ភារនិងថវិកាពីសំណាក់លោក លោកស្រីសប្បុរសជនមិនអាចខ្វះបានឡើយ។

ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកបានថ្លែងអំណរគុណចំពោះលោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធានមន្ទីរស្ថាប័ន អនុសាខា ក្រុង ស្រុក អង្គការក្នុង និងក្រៅរដ្ឋាភិបាល ក្រុមហ៊ុននានា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវករដែលបានចែករំលែកធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌ដ៏រឹងមាំ សម្រាប់ជួយទុក្ខលំបាករបស់ជនងាយរងគ្រោះនានានៅទូទាំងខេត្តរតនគិរី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖