ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធឈ្លោះគ្នា ប្រពន្ធកាន់កាំបិត ប្តីកាន់ខ្ទះធ្វើម្ហូប ចង់បើកឆាកប្រយុទ្ធគ្នា ខណៈអ្នកភូមិ និងសន្តិសុខ ទៅឃាត់ បែរជាមានរឿងនេះទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ សន្តិសុខយាមភូមិម្នាក់បានរងរបួសក្បាល ខណៈចូលទៅហាមឃាត់ប្តីប្រពន្ធមួយគូ ដែលកំពុងតែរៀបបើកឆាកប្រយុទ្ធគ្នា ពេលដែលប្ដីប្រពន្ធនោះបានវាយក្បាលសន្តិសុខនោះចំនួនមួយខ្ទះធ្វើម្ហូប ក៏នាំគ្នាទៅសម្ងំដេកក្នុងផ្ទះស្ងាត់សូន្យឈឹងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង កំពុងសាងសង់ នៃអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានប្ដីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នាដោយប្រពន្ធកាន់កាំបិត ចំណែកប្ដីកាន់ខ្ទះ ធ្វើម្ហូប ហើយបានស្រែកទាស់តែងគ្នាដោយគំរាមថានឹងដុតផ្ទះរបស់ខ្លួនចោលជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះ មានការភ័យព្រួយខណៈដែលខ្លាចមានករណីដុតផ្ទះឆាបឆេះឆ្លងរាលដាលដល់ផ្ទះរបស់ពួកគាត់។ ពេលនោះបងប្អូនអ្នកជិតខាង រួមជាមួយបងសន្តិសុខម្នាក់ ក៏បាននាំគ្នាចូលទៅឃាត់ប្ដីប្រពន្ធនោះនឹងធ្វើការសម្របសម្រួល ហើយបានដណ្ដើមកាំបិតនិងខ្ទះធ្វើម្ហូបពីដៃរបស់ប្ដីប្រពន្ធនោះ ពេលដែលបងសន្តិសុខទៅដណ្ដើមកាំបិតនិងខ្ទះ ស្រាប់តែប្ដីបានយកខ្ទះធ្វើម្ហូបនោះ វាយក្បាលរបស់បងសន្តិសុខម្នាក់រងរបួស ហើយប្ដីប្រពន្ធនោះក៏បាននាំគ្នាទៅសម្ងំដេកក្នុងផ្ទះតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ បានមកដល់នៅទីតាំងនេះ ទោះប្រឹងព្យាយាមដោះស្រាយឲ្យប្ដីប្រពន្ធចេញមកខាងក្រៅយ៉ាងណាក៏ពួកគាត់ មិនព្រមបើកទ្វារ ចេញមកខាងក្រៅដែរ អញ្ចឹងកម្លាំងសមត្ថកិច្ចរង់ចាំធ្វើការដោះស្រាយនៅព្រឹកថ្ងៃទី ៣ ខែមករាឆ្នាំ ២០២៤ នេះតាមសន្តិវិធី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖