ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៥នាក់​ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៥នាក់រួមទាំងវត្ថុតាងត្រូវកំលាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង០៩និង៥០នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវ​ និងឃាត់ជនសង្ស័យចំនួន០៥នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅចំណុចសាំបុរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។​ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៤នាក់​ ១-ឈ្មោះ​ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​២-ឈ្មោះ​ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ៣-ឈ្មោះ​ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៤-ឈ្មោះ​ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យទាំង៥​នាក់​ ១-ឈ្មោះ​ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។​ ២-ឈ្មោះ​ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។​៣-ឈ្មោះ​ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។​ ៤.ឈ្មោះ​ សោ ភារ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។​ ៥.ឈ្មោះ​ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។​ 

ចំពោះវត្ថុតាងចាប់យករួមមាន​៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម,​ ២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម,​ ៣-ម៉ូតូកង់ចំនួន៤គ្រឿង,​ ៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។ ៥-ទូរស័ព្ទម៉ាកអាយហ្វូន១៣ ប្រូមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង,៦-ទូរស័ព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង,​ ៧-ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៨-ទូរស័ព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង។ 

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានប្រាប់ឱ្យដឹងថា​ តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ​ ផាន សុខហេង​ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់​ បានរៀបរាប់ថា​ កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្អូនប្រុសរបស់ខ្លួនឈ្មោះ​ ផាន សុខជា បានទូរស័ព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់​បានមករត់នៅបេនរបស់គេ លឺដូចនោះរូបខ្លួនបានខលទៅឪពុករបស់ខ្លួនឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ តែក្រុមអ្នករត់កង់បីថ្មីនោះមិនព្រមស្តាប់ ហើយនាំគ្នាខលហៅមេរបស់ខ្លួនឈ្មោះ​ ពៅ រហូតដល់ម៉ោង២២និង០០នាទី ឈ្មោះពៅ បានមកដល់និងបាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្នោះ អញមេនៅទីនេះ ស្រាប់តែនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន​ តែភាគីបង្កមានកាំបិត​និងដំបងដែក បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់បង់បីដែលនៅទីនោះ​ បណ្តាលឱ្យប្អូនប្រុសខ្លួនរងរបួសចំក្បាលសន្លប់​ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ 

លោកបន្តថា​ ជនរងគ្រោះ ១.ឈ្មោះ​ អៀង គឹមលី រងរបួសកដៃទាំងសងខាងធ្ងន់,​ ២.ឈ្មោះ​ ផាន សុខហេង រងរបួសត្រូវ០១ដំបង បណ្តាលឱ្យរងរបួសជាំកដៃខាងស្តាំ ,៣​ឈ្មោះ​ ផាន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ រងបួសក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ពុំទាន់ដឹងខ្លួន។​៤-ឈ្មោះ​ គឹម រតនា រងរបួសបែកក្បាលចំនួន០៥ថ្នេរ និងរបួសខ្នង ចំនួន០២ថ្នេរ ។​ ៥-ឈ្មោះ​ មួន ដារ៉ា (ហៅគុយ) រងរបួសត្រូវ០១កាំបិតចំក្បាលរបួសធ្ងន់។

ជនសង្ស័យទាំង៥នាក់ ក្រោយសួរនាំរួច កម្លាំងជំនាញមូលដ្ឋានកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានប្រាប់ថា ការបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានកាសម្របសម្រួលនីតិវិធីពី លោក កើតវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖