ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការផ្លាស់ប្ដូរការគ្រប់គងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញវិញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ សរសេរជាអក្សរកាត់ (ស.ស.ភ) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក  ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។ សហគ្រាស ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម មានស្វ័យភាពបរិបូរណ៏ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។ សហគ្រាស ស.ស.ភ. មានបេសកកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព ៕

ដោយ៖ សំរិត


ចែករំលែក៖