សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤បានផ្សាយថា សេតវិមានបានច្រានចោលការអំពាវនាវពីអ្នកនយោបាយសាធារណរដ្ឋមួយចំនួនដែលចង់ឱ្យលោកប្រធានាធិបតី ចូ បៃដិន បណ្ដេញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចេញពីតំណែង បន្ទាប់ពីរូបលោកបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយឱ្យគេដឹង អស់រយៈពេលជាច្រើនថ្ងៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងអមដំណើរលោកប្រធានាធិបតី បៃដិន នៅលើយន្ដហោះ Air Force One អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតីមានទំនុកចិត្តយ៉ាងពេញលេញ ហើយនឹងបន្តមានទំនុកចិត្តលើលោករដ្ឋមន្ត្រី (លោក Lloyd Austin)… ហើយរឿងដែលសំខាន់នៅពេលនេះគឺយើងចង់ឃើញរូបលោកឆាប់ជាសះស្បើយ និងត្រឡប់មកដឹកនាំ មន្ទីរបញ្ចេកោណវិញ»។
ក្នុងពេលដំណាលគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បាននិយាយដែរថា លោក បៃដិនមានជំនឿចិត្តយ៉ាងមុតមាំថា លោក Austin បានបំពេញការងារបានយ៉ាងល្អអស្ចារ្យ រីឯសេតវិមានមិនមានគម្រោងស្វែងរកអ្នកថ្មីមកជំនួសរូបលោកនោះទេ។
តាមលោក John Kirby លោក Austin បានចាប់ផ្ដើមបំពេញការងារឡើងវិញហើយ និងកំពុងធ្វើការចេញពីមន្ទីរពេទ្យ Walter Reed military ស្ថិតនៅជាយរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកនយោបាយសាធារណរដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យលោក Austin លាលែងចេញពីតំណែង ឬក៏ត្រូវ បណ្ដេញចេញពីតំណែង ក្រោយមានសេចក្ដីរាយការណ៍ថា លោក បៃដិន និងសេតវិមានមិនបានដឹងអស់រយៈពេលជាច្រើនថ្ងៃថាលោក Austin ចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ មន្ទីរបញ្ចកោណ ត្រូវរង់ចាំរហូតដល់កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុនទើបប្រកាសថាលោក Austin មានអាយុ៧០ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីមានបញ្ហាសុខភាព អំឡុងឆ្លងកាត់នីតិវិធីពិនិត្យសុខភាពមួយ។ តែមិនមាន ការបញ្ជាក់ឱ្យច្បាស់ថា លោក Austin ឈឺអ្វីឱ្យប្រាកដនោះទេ។
អវត្តមានរបស់លោក Austin កើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងព្យាយាមប្រឹងប្រែងទប់ស្កាត់កុំឱ្យសង្រ្គាមហ្កាហ្សារាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕ ដោយ៖ ធីរីណា
រូបថត៖ the hill