ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានពង្រីកភាពស្អាត ភាពបៃតង និងចីរភាពជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីមេត្រីភាពបរិស្ថាន

ចែករំលែក៖

ភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជានឹងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៤ – ២០២៨ ដើម្បីមេត្រីភាពបរិស្ថាន និងចូលរួមផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាពដល់មន្រ្តីនគរបាលយុត្តិធម៌ តាមរយៈការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន នឹងបណ្ឌិត្យសភានគរបាលកម្ពុជា (MoU)។ ការថ្លែងរបស់ លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ស្របនឹងការថ្លែងឡើងនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ និងសម្តែងនូវការសាទរចំពោះសមានចិត្តរបស់លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងការរួមចំណែកនៃភាពស្អាត ភាពបៃតង និងចីរភាព ដែលជាគោលដៅអាទិភាពរបស់ក្រសួង ហើយគោលដៅអាទិភាពនេះ គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖