ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្ត បើកឆ្លងផ្លូវបែកជាបួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១៩កែងផ្លូវលេខ១៧៨សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BU-2898 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ១៩ ទិសដៅពីត្បូងមកជើង ខណៈបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្រាប់តែគេឃើញមាន យុវជន២នាក់ជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1IT 3873 បើកតាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យយុវជនជាម្ចាស់ម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។
បន្ទាប់ពីកើតហេតុដោយភាគីម្ខាងរងរបួសធ្ងន់ មិនអាចសម្រួលគ្នាបានសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ