ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង

ចែករំលែក៖

ប្រទេសបារាំង៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅវិញទៅមកនៅក្នុងការសិក្សារៀនសូត្រ ។ ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ 

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ នៅកម្ពុជា ៕

ដោយ៖ សិលា


ចែករំលែក៖