ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។
មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។
លោក គង់ សុវណ្ណារិទ្ធ បញ្ជាក់ទៀតថា ថ្វីត្បិតតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់ ក៏ប៉ុន្តែ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទ ជាម្លប់ ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។ ដូច្នេះ ដើមឈើដែលក្រុមការងារកាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ ឬក៏ពុកមែក។ ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។
អាជ្ញាធរជាតិអប្សរា តែងបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕
ដោយ៖ សូរិយា