ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។

ក្រសួងព័ត៌មាន បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។ សន្និបាតនេះ បានពិនិត្យទៅលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈម​នានា។ សន្និបាតក៏បានពិនិត្យមើលការងារ ដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាក្នុងសន្និបាតនេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកាន់តែល្អប្រសើរ។ សម្តេចធិបតីបានថ្លែងកោតសរសើរដល់ការដឹកនាំវិស័យព័ត៌មានរបស់រដ្ឋមន្ត្រីថ្មី និងសម្តែងការដឹងគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំដឹកនាំវិស័យព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។

សម្តេចធិបតីបានបង្ហាញការគាំទ្រក្រសួងព័ត៌មាន ដែលមានចក្ខុវិស័យធ្វើកំណែទម្រង់វិស័យព័ត៌មាន ឈរលើស្មារតី «ថ្មី ពិត លឿន និងជឿទុកចិត្ត»។ សម្តេច បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលំអរសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី បានមានប្រសាសន៍ថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។ សម្តេចបន្តថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។សម្តេចបានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។

សម្តេចធិបតីបានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។ ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអគ្គស្នងការនគរបាលជាតិ ពិនិត្យ រឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សម្តេចធិបតីក៏បានណែនាំដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់សកម្មភាពគាស់ស្រាបៀផឹកលើវេទិកា បន្តទៀតនោះទេ។ សម្ដេចធិបតីក៏ឲ្យក្រសួងព័ត៌មានតាមដានពិនិត្យមើលពីបញ្ហានេះផងដែរ ជាពិសេសបណ្ដាញផ្សព្វផ្សាយ ដូចជាទូរទស្សន៍ និងក្រុមហ៊ុនផលិតផលស្រាបៀរទាំងអស់នោះផងដែរ។ 

សម្តេចបានថ្លែងទៀតថា ច្បាប់ពាក់ព័ន្ធសារព័ត៌មានបង្កើតឡើង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនដឹងគ្រប់សព្វនោះទេ ដូច្នេះត្រូវការសារព័ត៌មានជួយបំពេញបន្ថែម។ សម្តេចបានថ្លែងថា អភិបាលរាជធានី-ខេត្ត មិនទាន់ស្រុះគ្នាឆ្លើយតបនឹងបញ្ហានៅឡើយទេ ដែលរឿងខ្លះអណ្តែតលើបណ្តាញព័ត៌មានយូរហើយ មិនដោះស្រាយ ទាល់តែណែនាំទើបចាត់វិធានការ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានក្រុមការងារពិសេសផ្នែកផ្សព្វផ្សាយ ដើម្បីជួយដល់ការផ្សាយរបស់រាជធានី ខេត្ត ដែលជាសេនាធិការរបស់រាជនីខេត្តដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានច្បាស់លឿនត្រឹមត្រូវជាមូលដ្ឋានខេត្តរបស់ខ្លួនជាពិសេសត្រូវសហការឲ្យជាប់ជាមួយអាជ្ញាធរខេត្តមន្ទីរព័ត៌មានខេត្ត ជាដើម។ 

នាឱកាស នៃពិធីបិទសន្និបាតនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃ នៃក្រសួងព័ត៌មានមួយចំនួនផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖