ខេត្តក្រចេះ ៖ បេីតាមប្រភពព័ត៌មានពីក្រុមការងារWCS បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា សត្វកន្ទាយក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម មានពងនៅក្នុងពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ជាក់ស្ដែងតាមការធ្វើកោសល្យវិច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS កាលពីម្សិលមិញនេះ បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះ ងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។
សូមជម្រាបជូនថា សត្វកន្ទាយក្បាលកង្កែបមួយក្បាល វ័យជំទង់ ទម្ងន់២៦ គីឡូក្រាម មានពងនៅក្នុងពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ខេត្តក្រចេះ។ តាមការធ្វើកោសល្យវិច័យរបស់មន្រ្តីជំនាញ បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។ ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។
គួរបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ៕
ដោយ៖ តារា