ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖​ ចែករំលែកគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ក៏ដូចជាអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ ក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible Tourism – Sustaining ASEAN Future)”។ 

ក្នុងកិច្ចប្រជុំនេះ​ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបូកបី, ថ្នាក់ដឹកនាំទេសចរណ៍ឥណ្ឌា រុស្ស៊ី ព្រមទាំងតំណាងស្ថាប័នអន្តរជាតិសំខាន់ៗក្នុងវិស័យទេសចរណ៍។ 

ក្នុងអំឡុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានចែករំលែកគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ក៏ដូចជាអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន និងបានផ្លាស់ប្តូរយោបល់អំពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងភាពធន់ សម្រាប់តំបន់អាស៊ានទាំងមូល។ 

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sandiaga Salahuddin Uno រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នាមុនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងជំរុញការបង្កើនការតភា្ជប់គោលដៅទេសចរណ៍សំខាន់រវាងប្រទេសទាំងពីរផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖