ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះហើយ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម បានប្រាប់សារព័ត៌មានឱ្យដឹងថា ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្កើតគណៈកម្មការរួចហើយ ដើម្បីត្រៀមរៀបចំសម្ភោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងត្រៀមខួងសរសរគ្រឹះទី១ ត្រើយខាងកើត នៅចុងខែមករា២០២៤។
សូមបញ្ជាក់ថា ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងទៀតថា ៖ គម្រោងស្ពានឆ្លងកាត់ទន្លេ បាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា ) គឺជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច ៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន ស្ពានកោះធំ និងកំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣។
សូមជម្រាបថា ៖ គម្រោងស្ពានឆ្លងកាត់ទន្លេ បាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា )នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ, ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ, ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងជួយពន្លឿនការអភិវឌ្ឍនៅតំបន់នោះផងដែរ៕
ដោយ ៖ សិលា