ព័ត៌មានទាន់ហេតុការណ៍៖

សត្វត្រយងយក្ស១ក្បាលដែលមានជម្ងឺគ្រុនចាញ់បក្សី​ ត្រូវបានក្រុមអ្នកអភិរក្សជួយសង្រ្គោះដោយជោគជ័យ

ចែករំលែក៖

    ភ្នំពេញ​ ៖​ អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤នេះថា​ បន្ទាប់ពីកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ 

       សត្វត្រយងយក្សដែលគេជួយសង្រ្គោះនេះបើគេមើលពីរូបរាងខាងក្រៅ ដូចគ្មានជំងឺនោះទេ តែពេលមកដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ រោគសញ្ញានៃជំងឺគ្រុនចាញ់បក្សី ក្នុងខ្លួនវាក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។

       បេីតាមប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ គេបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី  និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។ 

        អង្គការ WCS បានឱ្យដឹងដែរថា៖ចំពោះការជួយសង្គ្រោះសត្វត្រយងយក្សនេះគឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សបានដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបាន ថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ៕

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖