ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចិត្តខ្មៅយកទារកមកទម្លាក់ចោលលើដីក្បែរច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិដើរហាត់ប្រាណនិងអ្នកធ្វើដំណើរ ឆ្លងកាត់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រទះឃើញទារកម្នាក់ត្រូវបានគេយកមកទម្លាក់ចោលនៅច្រាំងទន្លេវ៉ៃគោទាំងព្រឹក។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ ស្ថិតក្នុងភូមិសាលាស្រុកចាស់  សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍មកសមត្ថកិច្ចថា មានគេប្រទះឃើញទារកដែលត្រូវគេយកមកទម្លាក់ចោលនៅចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ នៅច្រាំងទន្លេវ៉ៃគោ ទើបសមត្ថកិច្ចបានមកដល់កន្លែងខាងលើ និងបានសហការជាមួយគ្រូពេទ្យផងដែរ។

ប្រភពបន្តថា បន្ទាប់ពីពិនិត្យ គឺទារកនេះ ភេទប្រុសដែលទើបនឹងកើត ប៉ុន្តែអកុសលបានស្លាប់បាត់ទៅហើយគួរអោយសោកស្ដាយបំផុត ខណៈដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនលោកអាចារ្យយកទៅបញ្ចុះនៅវត្ត។

មហាជនបានធ្វើការរិះគន់ដល់ម្ដាយទារក ដែលបានបង្កើតកូនមកហើយមិនគួរណាមិនទទួលខុសត្រូវ ដោយសុខចិត្តយកមក ទម្លាក់ចោលនៅចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ នៅក្បែរច្រាំងវ៉ៃគោបែបនេះសោះ និងសំណូមពរដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកមុខម្ដាយចិត្តខ្មៅ យកមកចាត់ការតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖