ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។ នេះបើយោងតាម នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ។
លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI )ក៏បានសិក្សា ប្រមូលព័ត៌មាន មុននិងឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាលនៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។
លោកស្រីថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា៖ ១. ស្វែងរកថ្មដែលបានបាត់បង់ ២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង៣. ដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។
លោកស្រី នេត ស៊ីមន បុរាណវិទូបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី៦០ទៅ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។ លទ្ធផលនៃកំណាយបានរកឃើញថ្មបាយក្រៀមជិត១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេលាប្រហែល៣ខែទើបចប់។ មួយវិញទៀតបានកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តីឡើយនិងបញ្ហាឬសឈើចាក់ចូលទៅកាន់តែជ្រៅទៅក្នុងគ្រឹះខាងក្រោមនៃខ្លោងទ្វារ។ អ្នកជំនាញមានក្តីសង្ឈឹមថា នឹងអាចរកឃើញថ្មីបន្ថែមទៀតនៅពេលធ្វើកំណាយរួចរាល់ ដើម្បីយកថ្មទាំងនោះមកប្រើប្រាស់គ្រប់ចំនួន ក្នុងការងារជួសជុលពង្រឹងខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ៕
ដោយ ៖ សហការី