ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ផ្អែកទៅលើលទ្ធផលវិភាគស៊ីជម្រៅអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ និន្នាការសកលធំៗ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរយៈពេលវែងត្រូវអនុវត្តជា ៥ដំណាក់កាលសម្រាប់រយៈពេល២៥ឆ្នាំ ទៅមុខដោយរក្សាបាវចនាការងារ និងវិស័យអាទិភាពមនុស្សនៅដដែល។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិបន្តបន្ទាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន ការពង្រឹងអភិបាលកិច្ច ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថលសំដៅរក្សាស្ថិរភាពទីផ្សារការងារ លើកកម្ពស់ជីវភាពកម្មករនិយោជិត និងរក្សាការពារសន្តិសុខសង្គមតាមរយៈការកសាងបរិយាកាសវិនិយោគអំណោយផល ការបង្កើតការងារ ការធានានិរន្តរភាពការងារ ការកែលម្អលក្ខខណ្ឌការងារ ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិតនិងការធ្វើសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈជាដើម។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តភាគខាងត្បូងប្រទេសថៃ ដើម្បីងាយស្រួលផ្ដល់កិច្ចគាំពារដល់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ។

   សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ រាជរដ្ឋាភិបាលកំពុងខិតខំបង្កើតការងារក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បី កាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ឬក៏សូម្បីតែការធ្វើចំណាកស្រុកទៅរកការងារធ្វើក្នុងស្រុកដទៃទៀតក្នុងប្រទេសកម្ពុជាផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖