ខេត្តស្វាយរៀង៖ មានការស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈដែលបុរសម្នាក់បូមទឹកស្រះរបស់ខ្លួនហើយយកខ្សែភ្លើងដើម្បី ឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់គួរអោយសង្វេគ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤ស្ថិតនៅត្រង់ចំណុចភូមិពោធិថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ខៀវ វីរៈ អាយុ៤៤ឆ្នាំ រស់នៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ភ្លាម សមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ បុរសរងគ្រោះបានដើរទៅខាងក្រោយផ្ទះរបស់ខ្លួនមើលស្រះទឹកនិងមានបំណងចង់បូមស្រះទឹកដើម្បីចាប់ត្រីយកមកធ្វើម្ហូប។
ប្រភពបន្តថា ក្រោយមកក៏បានហៅគ្នីគ្នានិងយកម៉ាស៊ីនបូមទឹកមកបូមនៅស្រះ រហូតដល់ជិតរីង រួចក៏បានអូសយកខ្សែភ្លើងដើម្បីឆក់ត្រី តែចៃដន្យអាក្រក់បានភ្លាត់ស្នៀតឆក់ខ្លួនឯងប្រកាច់ដេកដួលទើបបង្កការភ្ញាក់ផ្អើលនាំគ្នាបិទប៉ារ៉ែតភ្លើងនិងលើកជនរងគ្រោះមកជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
បច្ចុប្បន្នសព ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន