ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា : នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ និង សហ ការី និងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់លោកស្រី នៅក្នុងការជំរុញនិងពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន នៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោស្រី និងសហការី ចូលជួបសម្តែងការ គួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រី បញ្ចប់អាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយក ចិត្តទុកដាក់ក្នុងការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងជំងឺកូវីដ19 ដល់ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ និងមិនមានការរើសអើង ។
លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែ រក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកស្រី អគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្ម ការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេស ហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យ ដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាង ធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកស្រី ក្នុងការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះវិស័យទេសចរណ៍ សម្តេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្តេចជាមួយ លោកប្រធានាធិបតី ហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស គឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថាកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការ ផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ ធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕
ដោយ ៖ សិលា