ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅគ្រប់កន្លែងទាំងអស់ គ្មានសង្រ្គាមទៀតទេ គ្មានការដាក់មីនបន្ថែម និងគ្មានការបាញ់កាំភ្លើងធំសម្លាប់គ្នាទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨មក នៅគ្រប់កន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា គ្មានសង្រ្គាមទៀតទេ គ្មានការដាក់មីនបន្ថែម និងគ្មានការបាញ់កាំភ្លើងធំសម្លាប់គ្នាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជួយឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល កាន់តែលឿន កាត់បន្ថយពេលវេលាធ្វើដំណើរពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការកសាងស្ពាននេះដែរ ក៏ជាការសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈការផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនាថ្ងៃចូលឆ្នាំប្រពៃណីដោយឥតគិតថ្លៃដូចនឹងបណ្តាឆ្នាំកន្លងៗទៅផងដែរដើម្បីកាត់បន្ថយការចំណាយ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ។

សម្តេចធិបតីបានថ្លែងថា៖ «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរ អ៊ីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ កុំភ្លេចទឹកសុទ្ធឱ្យគាត់ផង»។

សូមជម្រាបឱ្យដឹងថា ការរៀបចំរថយន្តក្រុងសាធារណៈសម្រាប់ពលរដ្ឋនាថ្ងៃចូលឆ្នាំខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌ គឺជាការយកចិត្តទុកដាក់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកម្ល៉េះ ដើម្បីសុខទុក្ខរបស់ពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖