ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីប្រេីហិង្សាទៅលេីកូនប្រុសអាយុទើបជាង១ខួបបណ្តាលឱ្យរងរបួស បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខផ្សារទំនើបអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុដោយឃើញស្រ្តីជាម្តាយពុំដឹងថាមានវិបត្តិអ្វីនោះទេបានប្រើប្រាស់ហិង្សាទៅលើកូនប្រុសទើបតែអាយុមួយខួបដោយវាយនិងបាប់បោកបណ្ដាលឱ្យបែកក្បាលឈាមជោកខ្លួន ពេលនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នារត់ទៅជួយឃាត់និងយកក្មេងប្រុសរូបនោះចេញពីម្តាយនិងទាក់ទងទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ឃាត់ស្រ្តីជាម្ដាយយកទៅប៉ុស្ថិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកឯក្មេងរងគ្រោះត្រូវបានពលរដ្ឋជិតខាងនិងកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ស្ត្រីជាម្ដាយយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់សួរនាំបន្ត ចំណែកឯក្មេងប្រុសរងគ្រោះកំពុងតែសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផា៕
ដោយ៖សុខាសែនជ័យ