ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវចាប់កោរសក់ និងនាំទៅមើលការរស់នៅរបស់ទណ្ឌិតក្នុងពន្ធនាគារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលក្រុងសួងបានបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ពោលក្រោយ ឃាត់ខ្លួនបាន ត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលអំពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការ រស់នៅដោយគ្មានសេរីភាព។

សមត្ថកិច្ចនគរបាលបានបង្ក្រាប ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារ លួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្រុងសួង។

ក្មេងទំនើងទាំង២នាក់នេះរួមមាន៖

* ទី១៖ ឈ្មោះ ម៉ម ស៊ីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង

* ទី២៖ ឈ្មោះ ឌឿន ផានុត អាយុ១៦ឆ្នាំ មានទីលំនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង។

បើតាមលោកស្នងការរងខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះ បានបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្តសង្កាត់វិហារលួង ក្រុងសួង។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ និងនាំពួកគេទាំង២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសាកសួរ។

ក្រោយសាកសួរ សមត្ថកិច្ចបានអនុវត្តវិធានការទៅលើពួកគេដោយកោរសក់ និងនាំទៅពន្ធនាគារខេត្តត្បូងឃ្មុំ ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង។

លោកស្នងការរងបានបន្តទៀតថា សម្រាប់ក្មេងទំនើងទាំង២នាក់ ត្រូវធ្វើការអប់រំកែប្រែនៅចំពោះមុខឪពុក ម្ដាយ ឬអាណាព្យាបាល ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តទង្វើបែបនេះទៅថ្ងៃក្រោយទៀត។ ត្រូវខិតខំកែប្រែកសាងខ្លួនឱ្យសាកសមជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។ ក្រោយពីបានធ្វើកិច្ច សន្យាអប់រំកែប្រែរួច សមត្ថកិច្ចបានប្រគល់ក្មេងទំនើងទាំង០២នាក់ ទៅឲ្យក្រុមគ្រួសារវិញផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖