ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ពេលបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយកាលពីព្រីកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ដើម្បីឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជាពិសេសការដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់០០១បប ” សម្អាតចកចេញពីបឹង ” របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីគោលការណ៍ណែនាំទាំង៦ចំណុចដែលបានដាក់ចេញដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការងារផ្សព្វផ្សាយអប់រំ យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការទប់ស្កាត់ការកែឆ្នៃផលិតគ្រឿងញៀន ការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសម្រេចបានជោគជ័យនូវការឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានលើកយកប្រសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា កន្លងមកថា ការចូលរួមពីប្រជាពលរដ្ឋលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាចូលរួមបទបញ្ជារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ” សម្អាតចកចេញពីបឹង ” ព្រោះថាការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីប្រជាពលរដ្ឋម្នាក់ ក្រុមគ្រួសារមួយនឹងធ្វើឱ្យគ្រួសារគាត់ និងសហគមន៍គាត់គ្មានគ្រឿងញៀន ហើយការសម្អាតបានផ្ទះមួយ បឹងមួយយើងនឹងឈានឆ្ពោះទៅសម្អាតបានបឹងទាំងមូលកសាងបានប្រទេសជាតិទាំងមូលចៀសចាកផុតបានពីការប៉ះពាល់និងការគំរាមកំហែងពីបញ្ហាគ្រឿងញៀន។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសកម្មភាពឲ្យបានផុលផុសក្នុងការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទHotline ១២៣៣ ជាមួយនេះត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទApp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានព័ត៌មានទូទៅពីគ្រឿងញៀន ការអប់រំ ការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន៕
ដោយ៖ តារា