ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ​៖ ពាក់ព័ន្ធ​ករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ជាអនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃត្រង់ថ្ងៃសៅរ៍ទី១៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជា អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ដូចតទៅ៖

នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួល ពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងសៀង ប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kea Visal មានឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទ ប្រុស មុខរបរ អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម អាសយដ្ឋានបច្ចុប្បន្ននៅផ្លូវបេតុង ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពីបទ ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ និងបានរាយការណ៍ សុំគោលការណ៍ពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ១៧៥ អ.យ.ន ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធ សំណុំរឿងញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស ជនជាតិខ្មែរ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជន គណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការ ចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបាន ចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមិនត្រូវមានការភាន់ច្រឡំចំពោះព័ត៌មាន បំផ្លើសរបស់គណបក្សកម្លាំងជាតិឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖