ខេត្តសៀមរាប៖ នាឱកាសពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាបសរុបប្រមាណ ១៦១.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន ១៥០.០០០ នាក់ក្នុងនោះបងប្អូនប្រជាពលរដ្ឋសរុបក្នុងខេត្តសៀមរាប ចំនួន ៦៥.០០០ នាក់ទេសចរបរទេស ចំនួន ១១.២៧២ នាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ស្តីទីខេត្តសៀមរាប បានថ្លែងដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
សូមជម្រាបជូនថា ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលម្សិលមិញនេះ បានរៀបចំពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដោយមានការចូលរួមពីលោក លោកស្រី ជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។
ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយនោះ។ កន្លងមក លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ និងកម្មវិធីជាច្រើនថែមទៀត ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងជិតព្រះអង្គចេកព្រះអង្គចមទៅដល់ផ្សារចាស់៕
ដោយ៖ តារា